Wow! Idol ចូលរៀនហើយតើ!! ផ្អើលតែម្តងពេជ្រ ថៃ ចូលរៀនថ្ងៃដំបូងនៅសាលាទួលស្វាយព្រៃ (មានវីដេអូ)

0
405
loading...
loading...

ពិតជាមានការភ្ញាក់ផ្អើល​ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ម្ចាស់ពាន “The Voice Kids Cambodia” រដូវកាលទី១ កុមារពេជ្រ ថៃ ដែលល្បីថា បានទទួលអាហារូបករណ៍នៅសាលាអន្តរជាតិល្បីឈ្មោះមួយ ក្រោយទទួលពានរង្វាន់នោះ ស្រាប់តែមកចូលសិក្សាសាលារដ្ឋ នៅថ្នាក់ទី៨ វិទ្យាល័យទួលស្វាយព្រៃ ទៅវិញ។

នៅថ្ងៃទី១២ ខែធ្នូ កុមារាពេជ្រ ថៃ បានបង្ហាញវត្តមាននៅវិទ្យាល័យទូលស្វាយព្រៃ រាជធានីភ្នំពេញ​ ដែលរូបគេត្រូវសិក្សាថ្នាក់ទី8c ខណៈដែលលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស រួមទាំងមិត្តភក្ដិរួមថ្នាក់ បានស្វាគមន៍រូបគេយ៉ាងកក់ក្ដៅ។

កុមារពេជ្រ ថៃ ដែលទើបចូលរៀនថ្ងៃដំបូង បានថ្លែងឲ្យដឹងថា មូលហេតុដែលរូបគេសម្រេចចិត្តចូលរៀននៅវិទ្យាល័យទួលស្វាយព្រៃ ដោយសារតែរូបគេពេញចិត្តវិទ្យាល័យមួយនេះម្យ៉ាងសាលានៅជិតផ្ទះផង។

យ៉ាងណា ពេជ្រ ថៃ សុំមិនបញ្ជាក់ពីមូលហេតុដែលរូបគេមិនបានចូលរៀននៅសាលាល្បីឈ្មោះមួយដែលប្រកាសផ្ដល់អាហារូបករណ៍រូបគេនោះទេ។ កុមារល្បីឈ្មោះរូបនេះគ្រាន់តែបង្ហើបថា រូបគេបានប្ដូរការសិក្សាពីថ្នាក់ទី៧ នៃអនុវិទ្យាល័យម្រះព្រៅ ភូមិជ្រៃមួយ ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង មកវិទ្យាល័យទួលស្វាយព្រៃ រាជធានីភ្នំពេញ។

ពេជ្រ ថៃ ថា កាលរៀននៅឯស្រុកកំណើត រូបគេរៀនបានពិន្ទុល្អជាបន្តបន្ទាប់ ជាក់ស្ដែងកាលរៀននៅថ្នាក់ទី៧ កាលពីឆ្នាំ២០១៦ រូបគេទទួលបានចំណាត់ថ្នាក់លេខ២ ដែលចាត់ទុកថា ជាសិស្សដែលរៀនពូកែមួយរូប។ យ៉ាងណា ក្រោយពេលប្តូរការសិក្សានៅរាជធានីភ្នំពេញ រូបគេមិនទាន់ដឹងថា នឹងទទួលបានពិន្ទុល្អ ឬយ៉ាងណានោះទេ ក៏ព្រោះតែរូបគេត្រូវជាប់រវល់លើផ្នែកចម្រៀងផង។ ប៉ុន្តែយ៉ាងណា រូបគេនឹងប្រឹងប្រែង មិនឲ្យលោកគ្រូអ្នកគ្រូខកបំណងទេ ពោលគឺបើទោះបីជាប់​រវល់លេងសិល្បៈ ក៏រូបគេត្រូវប្រឹងប្រែងលើការសិក្សាផងដែរ។

តារាវ័យក្មេងទើបទទួលបានពានរង្វាន់ជាង៣ម៉ឺនដុល្លារ រូបនេះ សុំមិននិយាយពាក់ព័ន្ធជាមួយក្រុមហ៊ុនហង្សមាស នោះទេ នៅពេលត្រូវចោទសួរពាក់ព័ន្ធការធ្វើបទចម្រៀងចេញនៅលើទីផ្សារ ដោយគ្រាន់តែបញ្ជាក់ថា ហង្សមាស តែងតែផ្ដល់ឱកាសឲ្យរូបគេឡើងច្រៀងតាមកម្មវិធីប្រគំតន្ត្រីជាបន្តបន្ទាប់។

លោក វន វិណារ៉ូ នាយកវិទ្យាល័យទួលស្វាយព្រៃ បានថ្លែងឲ្យដឹងថា លោកពិតជារីករាយនិងស្វាគមន៍ចំពោះកុមារពេជ្រ ថៃ ដែលបានមកចូលសិក្សានៅវិទ្យាល័យទូលស្វាយព្រៃ។ លោកនាយកបានបង្ហាញក្ដីរំពឹងថា កុមារពេជ្រ ថៃ នឹងសិក្សាបានពិន្ទុល្អ ក៏ព្រោះការសិក្សារបស់គេកន្លងមកបានចំណាត់ថ្នាក់ល្អជាបន្តបន្ទាប់ កាលសិក្សានៅឯស្រុកកំណើត។

ប៉ុន្តែយ៉ាងណា លោកនាយក ក៏បានបង្ហាញពីក្ដីបារម្ភផងដែរប្រសិនពេជ្រ ថៃ ចំណាយពេលច្រើនលើសិល្បៈ ព្រោះខ្លាចប៉ះពាល់ដល់ការសិក្សារបស់គេ តែទន្ទឹមនឹងនោះលោកនាយកក៏មិនឃាត់រឿងលេងសិល្បៈដែរ គឺលោកនឹងជួយជំរុញលើកទឹកចិត្តទាំងការសិក្សានិងការងារសិល្បៈរបស់គេ។

ដោយឡែកលោកគ្រូ ឱ សុជាតិ ជាគ្រូបង្រៀនរបស់ពេជ្រ ថៃ បានថ្លែងឲ្យដឹងថា នេះជាមោទនភាពមួយសម្រាប់សាលាទួលស្វាយព្រៃ ដែលកុមារពេជ្រ ថៃ ជ្រើសមកសិក្សានៅទីនេះ ដោយបោះបង់ចោលសាលាអន្តរជាតិ ដែលផ្តល់អាហារូបករណ៍។ លោកគ្រូសុជាតិ បញ្ជាក់ថា តាមប្រវត្តិរូបកុមារពេជ្រ ថៃ គឺកើតនៅថ្ងៃ២៤ ខែមីនា ឆ្នាំ២០០៤ (អាយុ១៣ឆ្នាំ)ហើយលោកគ្រូមានជំនឿចិត្តថា ពេជ្រ ថៃ នឹងសិក្សាបានពិន្ទុល្អ បើទោះបីរូបគេជាប់រវល់លើការងារសិល្បៈក្ដី។

មានការចាប់អារម្មណ៍ដែរថា​ មិនខុសពីនៅលើឆាកនោះទេ នៅក្នុងថ្នាក់រៀន ក្នុងម៉ោងចេញលេង សិស្សានុសិស្សរួមសាលា ក៏ដូចជាមិត្តរួមថ្នាក់បានមកចោមរោមពេជ្រ ថៃ ព្រោះពេជ្រ ថៃ ពូកែនិយាយលេងសើចកំប្លុកកំប្លែង ធ្វើឲ្យមិត្តរួមថ្នាក់ រួមទាំងលោកគ្រូអ្នកគ្រូសើចសប្បាយ និងស្រលាញ់ចិត្តរូបគេគ្រប់គ្នា៕

ពេជ្រ ថៃ ចូលរៀនសាលាទួលស្វាយព្រៃ ផ្អើលសាលាតែម្តង

Posted by Angkorthom Magazine on Tuesday, December 12, 2017

loading...

LEAVE A REPLY

Please enter your comment!
Please enter your name here